លិខិតសុំអភ័យទោសជាសាធារណៈ
ការិយាល័យនិពន្ធ អង្គភាពគេហទំព័រទូរទស្សន៌អាយធីវីអនឡាញ សូមសំដែងនូវការសោកស្តាយ និងសុំការអភ័យទោសជាសាធារណៈ ពីលោកអភិបាល នៃគណៈអភិបាលស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ នៅក្នុងសកម្ម ភាពចេញផ្សាយព័ត៌មានកន្លងមក ប៉ះពាល់ដល់កិត្តិយសរបស់លោកអភិបាលស្រុកដោយអចេតនា ។ កន្លងមកនេះ អង្គភាពព័ត៌មានយើងខ្ញុំ បានទទួលការស្នើសុំពឹងពាក់ពីពលរដ្ឋអ្នកនេសាទ សុំឲ្យជួយផ្សាយចែករំលែកទុក្ខលំបាករបស់ពួកគាត់ ព្រោះអាជ្ញាធរធ្វើទំនប់បិទផ្លូវទឹក ជូនថ្នាក់ដឹកនាំជ្រាប ដើម្បីជួយមានដំណោះស្រាយ ។
នៅក្នុងការធ្វើចេញផ្សាយកន្លងមកនោះ អង្គភាពព័តមានយើងខ្ញុំមិនអាចទំនាក់ទំនងសុំការបំភ្លឺពីរូបលោកអភិបាលស្រុកបាន ហើយបានសសេរនូវចំណងជើង និងខ្លឹមសារមួយចំនួន ដែលធ្វើឲ្យមហាជនមានការភ័ន្ត ច្រឡំលើរូបលោកអភិបាលដោយចេតនា ជាការពិតនោះរូបលោកអភិបាលគឺជាបុគ្គលដ៏ល្អមួយរូប ដែលតែង ជួយក្នុងការអភិវឌ្ឍន៌វិស័យសង្គមគួរឲ្យកោតសសើរ ជាពិសេសតែងយកចិត្តទុកលំបាករបស់ពលរដ្ឋ ក៏ដូចជា មានចំណាត់ការទប់ស្កាត់រាល់បទល្មើស ជាប្រចាំផងដែរ ។
ដោយឡែកការធ្វើទំនប់នេះ គឺជាការស្នើសុំរបស់រដ្ឋអំណាចមូលដ្ឋាន គោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុ ផារ៉ា ដើម្បីពលរដ្ឋទាំងអស់មានទឹកគ្រាន់នឹងបង្កបង្កើនផលកសិកម្មដាំដុះ ដែលអាជ្ញាធរចាំបាច់ធ្វើឡើងក្នុង បំណងអភិវឌ្ឍន៍វិស័យកសិកម្មពលរដ្ឋ ។
ជាថ្មីម្តងទៀត យើងខ្ញុំជាសហការីនៅក្នុងការិយាល័យនិពន្ធ និងតាំងនាមជាថ្នាក់ដឹកនាំអង្គភាពគេហទំព័រ ទូរទស្សន៌អាយធីវីអនឡាញ សូមសំដែងនូវការសោកស្តាយ និងការសុំអភ័យទោសជាសាធារណៈចំពោះរូបលោក
អភិបាលស្រុកក្រូចឆ្មា សូមរូបលោកអភិបាលកុំប្រកាន់ទោសអូសដំណើរ នូវកំហុសឆ្គងមួយនេះ ដែលមិនធ្លាប់នឹកដល់ ។
ជាចុងបញ្ចប់ យើងខ្ញុំសូមគោរពជូនពរលោកអភិបាល នៃគណៈភិបាលស្រុក រួមទាំងមន្ត្រីថ្នាក់ដឹកនាំចំណុះឲ្យ ស្រុកក្រូចឆ្មាទាំងអស់ សូមទទួលបានតែសេចក្តីសុខជ័យជនះគ្រប់ភារៈកិច្ច និងសុភមង្គលគ្រប់ក្រុមគ្រួសារ ជារៀងរហូតទៅ ៕